កាលបរិច្ឆេទ: ១១ វិច្ឆិកា ២០២២
ក្នុងឱកាសពិធីលៀងភោជនាហារពេលល្ងាចដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៩ វិច្ឆិកា ក្រោមអធិបតីភាពឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកហ៊ឹម ពិសិដ្ឋ លោកធឿន តិចម៉េង និងអ្នកស្រីសាង សុភា ជំនួសមុខឲ្យលោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង បានទទួលពានសម្រាប់ពានរង្វាន់ Asean Business Award 2022។ គឺជាពានរង្វាន់សម្រាប់សហគ្រាសក្នុងស្រុកដែលបានចូលរួមចំណែកបង្កើនសេដ្ឋកិច្ច និងអភិវឌ្ឍប្រទេសនៅក្នុងតំបន់។
ការប្រគល់ពានរង្វាន់នេះត្រូវបានធ្វើឡើងក្នុងក្របខណ្ឌកិច្ចប្រជុំកំពូលអាស៊ានស្តីពីអាជីវកម្ម និងការវិនិយោគ ក្រៅពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ក្រោមប្រធានបទ «ដោះស្រាយបញ្ហាប្រឈមជាមួយគ្នា» កិច្ចប្រជុំកំពូលអាស៊ានស្តីពីអាជីវកម្ម និងការវិនិយោគគឺជាកិច្ចប្រជុំប្រចាំឆ្នាំលើកទី១នៅអាស៊ីអាគ្នេយ៍ ដែលមានការចូលរួមពីសំណាក់ប្រធានាធិបតី និងនាយករដ្ឋមន្រ្តី ព្រមទាំងប្រធានសហគ្រាស អ្នកដែលមានឥទ្ធិពលនៅក្នុងអាស៊ាន និងដៃគូនានា។ កិច្ចប្រជុំនេះគឺជាឱកាសយ៉ាងសំខាន់សម្រាប់សហគមន៍អាជីវករក្នុងការទទួលបានមតិយោបល់របស់ថ្នាក់ដឹកនាំ និងអ្នកមានសិទ្ធិសម្រេចនៅក្នុងពិភពជំនួញ ទាក់ទិននឹងដំណោះស្រាយចំពោះបញ្ហានានាដែលបណ្តាប្រទេសអាស៊ីអាគ្នេយ៍កំពុងប្រឈម។
«ប្រទេសនានានៅអាស៊ីអាគ្នេយ៍បានឆ្លងកាត់សម័យកាលដ៏លំបាក។ ភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយដែលទាក់ទិននឹងផលវិបាកនៃសង្រ្គាមនៅអ៊ុយក្រែន ចំពេលដែលសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍កំពុងតែប្រឹងប្រែងងើបឈរឡើងវិញ និងងើបចេញពីវិបត្តិជំងឺកូវីដ ទាមទារឲ្យមានដំណោះស្រាយរួមរបស់អាស៊ាន»។ ចាំបាច់ណាស់ដែលយើងទាំងអស់គ្នាមិនត្រឹមតែត្រូវរួមគ្នាដោះស្រាយបញ្ហាទាំងអស់នេះទេ គឺយើងត្រូវរៀបចំអនាគតរបស់យើងក្នុងគោលដៅរួម អភិវឌ្ឍប្រព័ន្ធឌីជីថល ដើម្បីឆ្លើយតបទៅនឹងតម្រូវការកំណើនសេដ្ឋកិច្ច និងចូលរួមដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ»។ នេះជាសេចក្តីថ្លែងការណ៍របស់អ្នករៀបចំកិច្ចប្រជុំកំពូល។
ទទួលបានពានរង្វាន់ក្នុងក្របខណ្ឌកិច្ចប្រជុំកំពូលបែបនេះគឺជាកិត្តិយសមួយដ៏ធំធេង និងជាការលើកទឹកចិត្តដ៏សំខាន់សម្រាប់ក្រុមហ៊ុនខនហ្វីរេល៕